LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រសួង​អប់រំនៅតែ​បន្តពន្យារពេលការបើក​ចូលរៀន​​ ទោះបី​មិន​មាន​ករណី​ឆ្លង​ក៏ដោយ

May 07, 2020
ក្រសួង​អប់រំនៅតែ​បន្តពន្យារពេលការបើក​ចូលរៀន​​ ទោះបី​មិន​មាន​ករណី​ឆ្លង​ក៏ដោយ

 សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កាលពី​ថ្ងៃ​ពុធ បានស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​បើក​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិតសិក្សា​ឲ្យ​ដំណើរការ​ឡើងវិញ ខណៈ​រយៈពេល​ប្រមាណ ៣​សប្តាហ៍​ចុងក្រោយ​នេះ មិនមាន​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩​ ។​

​លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ បាន​មានប្រសាសន៍ថា ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ មាន​ស្ថានភាព​ល្អប្រសើរ ដោយសារ​ក្នុង​រយៈពេល​ជាង​៣​សប្តាហ៍​មកហើយ ដែល​ក្រសួងសុខាភិបាល រក​មិនឃើញ​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ ដែល​ករណីនេះ ក្រសួង​អប់រំ គួរពិនិត្យមើល​លទ្ធភាព​ឲ្យ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​បើក​ដំណើរការ នៅ​តំបន់​មួយចំនួន ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​ឡើងវិញ​។

​ចំពោះ​កម្មវិធីសិក្សា​តាមអេឡិចត្រូនិច របស់​ក្រសួង​ដែល​បាននិងកំពុង​ដាក់​ដំណើរការ​នោះ លោកស្រី​ថា មាន​សិស្ស​មួយចំនួន ពិបាក​នឹង​ទទួលបាន​ការសិក្សា​ពី​កម្មវិធី​នេះ ខណៈដែល​ឪពុកម្តាយ​របស់​ពួកគេ ជាប់រវល់​ធ្វើការ និង​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត ដែល​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការជួយ​មើល​ការរៀនសូត្រ​របស់​កូនៗ ស្រប​ពេលដែល​សេវា​អ៉ឺ​ន​ធឺ​ណែ​ត​នៅ​តំបន់​មួយចំនួន​ដំណើរការ​រអាក់រអួល​ជាដើម​។​

​លោកស្រី​ថា​៖ «​ដូច្នេះ​បាន​យើង​ដាក់សំណើរ​ទៅ​ក្រសួង​សុំ​បើក​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ឡើងវិញ នៅ​រាជធានី​-​ខេត្ត​ដែល​គ្មាន​ករណី​ឆ្លង​កូ​វីដ​១៩ និង​រាជធានី​-​ខេត្ត​ដែលមាន​ករណី​ឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ហើយ ព្រោះ​បើសិនជា​នៅ​ពន្យា​ពេល​ទៀត សិស្ស​មួយចំនួន​អាច​ខ្ជិល​រៀន ហើយ​អ្នកខ្លះ​ទំនេរ​ពេក​អាច​ទៅ​សេពគប់​មិត្ត​ភ័​ក្ត​មិនល្អ ដើរ​សេព​គ្រឿង​ស្រវឹង​ឬ​គ្រឿងញៀន​ជាដើម​»​។​

1087 (1)

​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា បាន​ឆ្លើយតប​ថា គិត​មកដល់​ថ្ងៃ​ពុធ ក្រសួង​នៅតែ​បន្ត​ការពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន រួម​នឹង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​នៅ​ទូទាំងប្រទេស រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ស្របទៅតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​លោក​បន្តថា​៖ «​ជាទូទៅ មាតាបិតា សិស្សានុសិស្ស និង​គ្រប់ភាគី​ពាក់ព័ន្ធ មានការ​ស្វាគមន៍ និង​គាំទ្រ​សេវា​សិក្សា​ពី​ចម្ងាយ​របស់​ក្រសួង ជាពិសេស​ជាមួយនឹង​ការផ្សាយ​តាមរយៈ​ទូរទស្សន៍ ទ​ទក​២ ដែល​អាច​បន្ត​ឲ្យ​មានការ​រៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ​ទូទាំង​២៥​ខេត្ត រាជធានី ក្នុងឱកាស​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩»​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​លើកឡើងថា គិត​មកដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ពុធ ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ១២០​នាក់ និង​មាន​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ចំនួន ២​នាក់ ក្នុងចំណោម​អ្នកមាន​វីរុស​កូ​វីដ​១៩​សរុប​ដែល​បាន​រកឃើញ​ទាំងអស់​ចំនួន ១២២​នាក់​។​

​លោកស្រី បាន​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃទី​៥ ខែឧសភា មិនមាន​ករណី​ជាសះស្បើយ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ឡើយ​»​។​

​បើទោះជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ពុំបាន​រកឃើញ​អ្នក​ឆ្លង​វីរុស​នេះ​ថ្មី​ក្នុង​រយៈពេល​៣​សប្តាហ៍​មកនេះ ហើយ​មាន​អ្នកជំងឺ​ជាសះស្បើយ​បាន​កើនឡើង​រហូតដល់​ជាង ៩៨​ភាគរយ​ហើយក៏​ដោយ ក៏​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​នៅលើ​សកលលោក នៅ​ពុំទាន់​មានការ​ធូរស្រាល​នៅឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ម៉ម ប៊ុនហេង នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន និង​បន្ត​ការយកចិត្តទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​រក្សា​ការធ្វើ​អនាម័យ លាងដៃ​ជាប្រចាំ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់​ការពារ​, ចៀសវាង​ការរៀបចំ​ពិធី​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន និង​គួរ​កាត់បន្ថយ​ការធ្វើដំណើរ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុងករណី​មិនចាំបាច់ ជាពិសេស​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​បន្ត​ចំលង​រាតត្បាត​ចូលក្នុង​សហគមន៍​៕​

cambodia-5