LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិពីរនៅក្នុងឆ្នាំខាងមុខនេះ

Mar 21, 2020
សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិពីរនៅក្នុងឆ្នាំខាងមុខនេះ

សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិពីរនៅក្នុងខែនិងឆ្នាំខាងមុខ

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងនូវការយល់ឃើញរបស់ខ្លួនស្តីអំពី «ការយកឈ្នះរបស់កម្ពុជាទៅលើការពឹងផ្អែកលើដៃគូពាណិជ្ជកម្មតិចតួច» ថា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិពីរនៅក្នុងខែនិងឆ្នាំខាងមុខ។ ទីមួយគឺការប្រកាសដកចេញនូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពីកម្ពុជារបស់គណៈកម្មការសហគមន៍អឺរ៉ុប និងទីពីរគឺជម្ងឺរីករាលដាលសកល កូរ៉ូណាវីរុស (COVID-19)។

យោងតាម AVI ព្រឹត្តិការណ៍ទាំងនេះបានបង្ហាញពីរចនាសម្ព័ន្ធទន់ខ្សោយនៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកខ្លាំងពេកទៅលើសហគមន៍អឺរ៉ុបចំពោះទំហំទីផ្សារ និងទៅលើប្រទេសចិនចំពោះលទ្ធភាពផលិតកម្ម        ការវិនិយោគ និងលំហូរភ្ញៀវទេសចរណ៍។ ប្រជាជនដែលងាយរងគ្រោះខ្លាំងបំផុតនៅកម្ពុជា ពោលគឺស្ត្រីដែលបម្រើការនៅតាមរោងចក្រកាត់ដេរ កម្មករដែលមានជំនាញទាប និងអ្នកដែលទើបងើបចេញផុតពីភាពក្រីក្រ នឹងរងឥទ្ធិពលពីបញ្ហាទាំងនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកបានធ្វើការព្រមានដល់ថ្នាក់ដឹកនាំកម្ពុជាអំពីសញ្ញាគ្រោះថ្នាក់នៃ «ភាពជិតក្រីក្រ» នៅកម្ពុជា។ យោងតាមការប៉ាន់ប្រមាណរបស់មន្ត្រីទទួលបន្ទុក អត្រាភាពក្រីក្រនាពេលបច្ចុប្បន្នគឺនៅក្រោម ១០ ភាគរយ (ធៀបនឹង ៤៧.៨ ភាគរយ នៅឆ្នាំ ២០០៧)។ ទោះបីជាកម្ពុជាបានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់នៅក្នុងការប្រយុទ្ធនឹងភាពក្រីក្រធ្ងន់ធ្ងរក៏ដោយ ប្រជាជនកម្ពុជាច្រើនជាង ៧០ ភាគរយនៅតែកំពុងរស់នៅជាមួយនឹងចំណូលទាបជាង ៣.២ ដុល្លារក្នុងមួយថ្ងៃ។

photo_2020-03-21_15-46-36

រាជរដ្ឋាភិបាលបានចាត់វិធានការរយៈពេលខ្លីកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ ដើម្បីជួយសង្រ្គោះដល់នយោជកក្នុងការបន្តអាជីវកម្មរបស់ពួកគេ ដល់នយោជិកដែលបានបាត់បង់ឬត្រូវបានព្យួរការងារ និងដល់សហគ្រាសធនតូចនិងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលនឹងអនុម័តយល់ព្រមលើវិធានការនេះនាពេលខាងមុខ។ ការគាំពារជីវភាពរស់នៅរបស់ប្រជាជនគឺស្មើនឹងការការពារសិទ្ធមនុស្ស។

វិធានការនោះរួមមាន ការលើកលែងពន្ធ ការគាំទ្រដោយផ្ទាល់ កម្មវិធីបណ្តុះបណ្តាលជំនាញ ការសម្រួលពន្ធគយ និងការកាត់បន្ថយការចំណាយរបស់រដ្ឋ។ ឧទាហរណ៍ ម្ចាស់រោងចក្រដែលពន្យារដំណើរការផលិតកម្មក្រោមហេតុផលនៃកង្វះវត្ថុធាតុដើម នឹងតម្រូវឲ្យបង់ប្រាក់ឈ្នូលដល់កម្មករចំនួន ៤០ ភាគរយ ខណៈពេលដែលរដ្ឋាភិបាលនឹងបង់បន្ថែមចំនួន ២០ ភាគរយទៀត។

photo_2020-03-21_15-46-47

កំណែទម្រង់និងវិធានការរយៈពេលមធ្យមនិងវែង នឹងត្រូវប្រកាសដោយរដ្ឋាភិបាលនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ ខាងមុខ។ នៅក្នុងចន្លោះពេលនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សូមធ្វើការអំពាវនាវដល់រដ្ឋាភិបាលក្នុងការពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម។

ទីមួយ វិធានការគាំទ្រដល់ពិពិធកម្មទីផ្សារ ប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស អាជីវកម្មបែបឧស្សាហកម្មនិងក្នុងស្រុកទើបបង្កើតថ្មី និងសហគ្រាសធនតូចនិងមធ្យម គួរត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត។        សុក្រឹត្យភាពនៃប្រព័ន្ធរង្វាយតម្លៃការងារ (KPI) គួរត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃនិងលើកកម្ពស់ការអនុវត្តការងាររបស់ក្រសួងនិងភ្នាក់ងារទទួលបន្ទុក។

ទីពីរ កំណែទម្រង់កាន់តែស៊ីជម្រៅនៅក្នុងជួររដ្ឋាភិបាលគឺត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហាចម្បងៗដែលមានតាំងពីមុនការមកដល់របស់ជម្ងឺរីករាលដាលសកល និងការសម្របសម្រួលបញ្ហា EBA។ កំណែទម្រង់ទាំងនេះគួរផ្តោតទៅលើចំណុចទន់ខ្សោយនានាដែលត្រូវបានគូសបញ្ជាក់ដោយពិន្ទុរង្វាយតម្លៃនៃ «ភាពងាយស្រួលនៃការធ្វើអាជីវកម្ម» នៅកម្ពុជារបស់ធនាគារពិភពលោក ដែលរួមមាន ការចាប់ផ្តើមអាជីវកម្ម ដំណើរការនៃការសុំច្បាប់អនុញ្ញាតសាងសង់ ការទំនាក់ទំនងជាមួយរដ្ឋអំណាច ការចុះឈ្មោះកម្មសិទ្ធ ការទទួលបានឥណទាន ការបង់ពន្ធ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការចុះកិច្ចសន្យា ការសងបំណុល និងបញ្ហាផ្សេងៗទៀត។ រដ្ឋាភិបាលក៏គួរតែពិចារណាអំពីពិន្ទុរបស់កម្ពុជានៅក្នុង        «របាយការណ៍នៃភាពប្រកួតប្រជែងសកល» ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។ ទីបី គម្រោងលើកទឹកចិត្តដែលផ្តោតទៅលើវិស័យឧស្សាហកម្មជាក់លាក់មួយចំនួន គួរត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដំណើរការពិពធកម្ម។

photo_2020-03-21_15-46-43


ចុងបញ្ចប់ ការពិនិត្យដំណើរការជាប្រចាំត្រូវតែធ្វើឡើងដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានការនិងកំណែទម្រង់។ ក្រសួងនិងភ្នាក់ងារទទួលបន្ទុកគួរអនុវត្តតាមផែនការពីថ្នាក់ក្រោមទៅថ្នាក់លើជាតិ និងទទួលខុសត្រូវលើវិធានការនិងកំណែទម្រង់បច្ចេកទេសរបស់ខ្លួន ដើម្បីលើកកម្ពស់និងគាំទ្រដល់ភាពរឹងម៉ាំនិងភាពប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។

photo_2020-03-21_15-46-33

កម្ពុជាបានកំពុងស្គាល់នូវសម័យកាលសន្តិភាពដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ដើម្បីទាញយកផលចំណេញកាន់តែច្រើន វិធានការនិងកំណែទម្រង់ត្រូវតែមានលក្ខណៈម៉ឹងម៉ាត់ ច្បាស់លាស់ និងត្រូវយកទៅអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។

photo_2020-03-21_15-46-40