LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សមាគមន៍ជប៉ុន-កម្ពុជាគ្រោងនឹងដឹកនាំគណប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់ជប៉ុនមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពជា

Mar 20, 2020
សមាគមន៍ជប៉ុន-កម្ពុជាគ្រោងនឹងដឹកនាំគណប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់ជប៉ុនមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពជា

Alynana.com ០៣/២០/២០២០​​ ភ្នំពេញ 

   ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សមាគមន៍​ ជប៉ុន- កម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗ របស់ជប៉ុន ដែល នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខ ក្នុងបំណងធ្វើការសិក្សា ឈ្វេង យល់បន្ថែមអំពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជា ក្នុងការ វិនិយោគ។ ការលើកឡើងរបស់ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជានេះ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។

photo_2020-03-20_19-30-18

    ឯកឧត្តម Fumiaki Takahashi ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្នុងដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗ របស់ជប៉ុនមកកម្ពុជានេះ  នឹង ស្នើសុំអនុញ្ជាតជួបឯកឧត្តមរដ្ឋមន្រ្តីផងដែរ ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគលើវិស័យ កសិកម្ម។ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមការងារនៃគម្រោងផលិតកម្មសូត្រដែល ឧបត្ថម្ភដោយ អង្គការ JICA បានរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃគម្រោង ដោយបានរំលេចពីលទ្ធផល សម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រទៅផលិតជាសាប៊ូដែលមានគុណភាពល្អ ប្រសើរសម្រាប់ស្រ្តី ហើយផលិតផលនេះកំពុងមានការចាប់ អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។ លើពីនេះទៀត ក៏មានក្រុមហ៊ុនជប៉ុនមួយបាននិងកំពុងសិក្សា លើលទ្ធភាពក្នុងការវិនិ យោគ លើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញនៅជប៉ុន។

photo_2020-03-20_19-30-23

     ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេច ជូន ភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម លក្ខខណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយនិងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និង គោល នយោបាយលើកទឹកចិត្តលើការវិនិយោគវិស័យកសិកម្មសម្រាប់វិស័យឯកជនក្នុង និង ក្រៅ ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតទៅលើការធ្វើពិពិធកម្មកសិកម្ម ខ្សែសង្វាក់ ផលិតកម្ម និងតម្លៃបន្ថែម ដែលមានផលិតកម្មដំណាំ សត្វ និងវារីវប្បកម្ម បច្ចេកវិទ្យា ក្រោយ ពេលប្រមូលផល ឃ្លាំងស្តុក សម្ងួត រោងម៉ាស៊ីនកិន កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន និងនាំចេញ ដោយឈរលើគោលការណ៍ស្តង់ដារគុណភាព អនាម័យ សុវត្ថិភាព និងការប្រកួតប្រជែង ទីផ្សារក្នុង និងក្រៅប្រទេស។ ឯកឧត្ដមបានបន្ដថា បច្ចុប្បន្នកម្ពុជាមានសហគមន៍ កសិកម្ម ជាច្រើនដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្មឱ្យដល់កម្រិតមួយធានាបាននូវគុណភាព តម្លៃបន្ថែម និងស្តង់ដារ ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយ ដៃគូ អភិវឌ្ឍន៍ និងវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

 

     ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគ លើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរនឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្ទាល់ រួមទាំងប្រាក់ចំណូល សំខាន់ជាងនេះគឺជួយរក្សាមរតកប្រពៃណីពីបុរាណ របស់ ស្រ្តីខ្មែរគឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។ ដោយឡែកការ ចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួម ចំណែកកាត់បន្ថយ ការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែលទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវការមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជប៉ុនក្នុងការ វិនិយោគលើវិស័យ វារីវប្បកម្មនាពេលអនាគត៕