Khmer Amatak News Cambodia
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សេចក្ដីប្រកាសព័ត៌មាន ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធណាមួយជាសត្រូវនោះទេ

Admin Alynana | Jan 01, 2021
សេចក្ដីប្រកាសព័ត៌មាន ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធណាមួយជាសត្រូវនោះទេ

ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធណាមួយជាសត្រូវនោះទេ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅក្នុងសន្និសីទសារព័ត៌មានរបស់ គ.ជ.ប នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប បានមានប្រសាសន៍ថា បទពិសោធន៍របស់ គ.ជ.ប បានបង្ហាញឱ្យឃើញពីការពង្រឹងកិច្ចសហការល្អរវាង គ.ជ.ប និងភាគីពាក់ព័ន្ធ ដែលជា កត្តាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ការរីកចម្រើន ព្រមទាំង ការអភិវឌ្ឍ។

ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ.ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធអំពីការពិតជាក់ស្តែងដែល កើតមានក្នុងដំណើរការបោះឆ្នោត និងរបៀបនៃការគិត ដើម្បីចៀសវាង ឱ្យបាន ដាច់ខាតនូវការ ប្រកួតប្រជែងគ្នាដោយមិនស្មោះត្រង់ ដែលនាំឱ្យមានការបែកបាក់ជាតិ ការស្អប់ខ្ពើម និងការបំផ្លាញ ជាតិសាសន៍ខ្លួនឯងនៅក្នុងសង្គមខ្មែរទាំងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតរៀងទៅ ។

ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ.ប ក៏តែងតែបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការងារអប់រំ អ្នកបោះឆ្នោត ពិសេសចំពោះយុវជនខ្មែរទូទាំងប្រទេស ឱ្យចេះគិតពិចារណាប្រកបដោយហេតុផល ច្បាស់លាស់ អំពីសកម្មភាពរបស់ខ្លួនក្នុងការចូលរួមការបោះឆ្នោត សំដៅកសាងនូវអនាគតល្អ ដើម្បីសម្រេចជោគជ័យក្នុងគោលដៅរួម ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។

ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ.ប តែងតែបង្ហាញអំពីការបើក ទឹកចិត្តយ៉ាងទូលំទូលាយ បង្ហាញពីឆន្ទៈពិតប្រាកដ សម្រាប់អនាគតប្រទេសជាតិ ហើយការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក៏គ្មានពណ៌សម្បុរនយោបាយក្នុងនោះដែរ គឺសុទ្ធតែ គំនិត និងមេរៀន ដើម្បីបំភ្លឺសាធារណមតិ ពិសេសសម្រាប់គ្រប់ភាគីពាក់ព័ន្ធប្រកាន់យក សំដៅ កសាងប្រទេសឱ្យបានចៀសចាកផុតពីការស្អប់ខ្ពើមជាតិសាសន៍ឯង ដោយយកគ្នាជាសត្រូវស្លាប់រស់ ដែលខ្មែរធ្លាប់ភ្លក់រសជាតិរាប់ទសវត្សរ៍រួចមកហើយ។

គ្មានភាគីណាមួយដែលអាចធ្វើឱ្យ គ.ជ.ប បោះបង់អំពើល្អ និងយុត្តិធម៌បំផុតចំពោះម្ចាស់ឆ្នោត បានទេ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ៕

7CA61BC5-6C97-4DAE-91D1-78FF61155387