LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រោយធ្វើ​ច​ត្តា​ឡី​ស័ករួច ពលករ​ខ្មែរ​ជាង​១៥០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ

Web Vincent | Jan 08, 2021
ក្រោយធ្វើ​ច​ត្តា​ឡី​ស័ករួច ពលករ​ខ្មែរ​ជាង​១៥០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ

អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ បា​ន​បញ្ជូន​ពលករ​ខ្មែរ​មកពី​ថៃ​ជាង​១៥០​នាក់​ ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​រួចមក​។

លោក លី សារី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ​សាលាខេត្ត​បាន​ចេញ​លិខិតបញ្ជាក់​សុខភាព​ថា ​មិន​មាន​ជំងឺ​កូ​វីដ​១៩​ដល់​ពលករ​ខ្មែរ​មកពី​ថៃ​ជាង​១០០​នាក់​ ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ​បន្ទាប់ពី​ពួកគាត់​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​រួចមក​។ ​លោក​បាន​បន្ត​ថា ​ការ​ចេញលិខិត​បញ្ជា​ក់សុខ​ភាព​នេះ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត ​ដែល​ទទួល​ពលករ​បន្ត​ងាយស្រួល​ចាត់ចែង​ និង​គ្រប់គ្រង​ឲ្យ​បាន​ល្អ​សំដៅ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ចូល​ទៅ​ក្នុង​សហគមន៍​។ លោក​បាន​បន្ថែម​ទៀត​ថា ​រហូត​មកដល់​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២១​ មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចូល​មក​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ​ជិត​២​ពាន់​នាក់​។

​ចំណែក លោក ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ខេត្ត​បាត់ដំបង ​មាន​ពលករ​ខ្មែរ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ប​ញ្ជូន​ទៅ​ស្រុកកំណើត​ចំនួន​៥១​នាក់​ស្រី​២២​នាក់ ​ក្នុងចំណោម​ពលករ​សរុប​ចំនួន​២១៤០​នាក់ ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​៦​នាក់​ ក្នុង​នោះ​ពលករ​កំពុង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​១​ចំនួន​១៤៨៦​នាក់​ ស្រី​៦០៤​និង​នៅ​មណ្ឌល​២​ចំនួន​៤៣​នាក់​ស្រី​២៥​នាក់​។ ​លោក​បាន​បន្ត​ថា ​មន្ទីរ​បាន​យក​សំណាក​ជា​លើក​ទី​២​ចំនួន​១៤៣​នាក់​ លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

​​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹងថា ​រីឯ​ខេត្ត​ប៉ៃលិន​មាន​ពលករ​ចំនួន​៧​នាក់​ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុងចំណោម​ពលករ​ចំនួន​១០១០​នាក់​ ស្រី​៤៩៨​នាក់​ ក្នុង​នោះ​រក​ឃើញ​ឆ្លង​កូ​វីដ​១៩​ចំនួន​១៣​នាក់​។ ​លោក អ៊ុន ប៊ុនលី ក៏​បាន​បន្ត​ថា ​ក្នុងចំណោម​ពលករ​ខ្មែរ​ជាង​១​ពាន់​នាក់​នោះ​ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន​៣៦៦​នាក់​ ក្នុង​នោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន​២៣៥​នាក់​ ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​ផ្ទះ​ចំនួន​១៣១​នាក់ ។​

យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២១​នេះ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៣៨៦​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​២១​នាក់​ មាន​១៣​នាក់​នៅ​ខេត្ត​ប៉ៃលិន ៦​នាក់​នៅ​បាត់ដំបង​និង​២​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៦២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៤​នាក់​៕