LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនទាំងឡាយ ដែលញុះញង់ និងបំភ្លៃ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម

Aug 16, 2020
សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនទាំងឡាយ ដែលញុះញង់ និងបំភ្លៃ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួនជនទាំងឡាយ ដែលញុះញង់ និងបំភ្លៃ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលអាចជំរុញឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។

ការព្រមាននេះបានធ្វើឡើងក្នុងកម្មវិធីដម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីរាជរដ្ឋាភិបាល បានចាប់ខ្លួន លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលចុះទៅកាន់ព្រំដែនខេត្តត្បូងឃ្មុំ ដើម្បីញុះញង់បង្កបញ្ហាព្រំដែលជាមួយប្រទេសវៀតនាម កាលពីពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវតើមានប៉ុន្មានចេញមកទៀត? សូមផ្ញើសារថា ចេញមកប៉ុន្មានចាប់ប៉ុណ្ណឹង រឿងទល់ដែនអត់មានឱ្យរញ៉េរញ៉ៃទេ កុំថារដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ នេះមិនមែនជាការតស៊ូមតិ។ អ្នកខ្លះចេញមកថា "នេះជាការតស៊ូមតិ" អត់ទេនេះមិនមែនជាការតស៊ូមតិទេ នេះជារឿងផ្លូវច្បាបសុទ្ធសាធ ព្រោះនេះមិនមែនជាការដែលត្រូវធ្វើប្រជាមតិ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា «រឿងព្រំដែនមិនមែនរឿងលេងសើចទេ កុំញុះញង់ឱ្យមានចម្បាំងរាំងជល់ ជាមួយប្រទេសជិតខាង តាមរយៈនៃសាររបស់អ្នកឯងចង្អុល កន្លែងនេះឬកន្លែងនោះ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម ដែលកន្លងមកមានបញ្ហាស្មុគស្មាញខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីភូមិកំណើតរបស់ សម្តេច ហេង សំរិន ដែលបានចូលទៅកាន់ព្រំដែនវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ករណីនេះមានជម្រើសច្រើន ដែលក្នុងនោះ មានការដោះដូរដី ឬការកាត់តម្រឹមតាមផែនទីផងដែរ។

សម្តេចបានអះអាងថា ក្រុមប្រឆាំងទាំងនោះ បាននិយាយច្រើនហើយដោយចោទថា ក្នុង១ថ្ងៃ កម្ពុជាបាត់បង់ដី១ម៉ែត្រ ឬ៥០០ម៉ែត្រ។ សម្តេចបន្តថា បើសិនជាដូចការចោទប្រកាន់នេះ មានន័យថា ទឹកដីកម្ពុជាពេលនេះនៅកៀកនឹងព្រំដែនថៃផងដែរ។

សម្តេចបានរំលឹកអំពីការចាប់ ហុង សុខហួរ និង អ៊ំ សំអាន ដែលជាតំណាងរាស្រ្ត ដោយអះអាងថា ការចាប់នោះក្នុងបទល្មើសជាក់ស្តែង ដូច្នេះនរណាក៏ដោយ ឱ្យតែប្រព្រឹត្តល្មើសដូចគ្នានឹងត្រូវចាប់ ក្នុងបទល្មើសជាក់ស្តែងទាំងអស់៕