LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ប្រទេសចិននឹងរីករាយក្នុងការ ចូលរួមតុចរចាត្រីភាគីបង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មី

Jul 08, 2020
ប្រទេសចិននឹងរីករាយក្នុងការ ចូលរួមតុចរចាត្រីភាគីបង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មី

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនបានអះអាងថា ប្រទេសចិននឹងរីករាយក្នុងការ ចូលរួមកិច្ចចរចាបង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មី ជាមួយសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ប៉ុន្តែរឿងនេះអាចកើតឡើងទៅបាន លុះត្រាណាតែសហរដ្ឋអាមេរិក មានឆន្ទៈក្នុងការកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ មកនៅស្មើនឹងប្រទេសចិនជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី០៨ ខៃកក្កដា ឆ្នាំ២០២០។

ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រទេសចិនចូលរួមកិច្ចចរចាត្រីភាគី ដើម្បីបន្តសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលមានសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងនោះស្រាប់ ប៉ុន្តែវានឹងត្រូវផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ ខណៈកិច្ចចរចារវាងរុស្ស៊ី និងអាមេរិកកាលពីខែមិថុនា មិនបានចេញលទ្ធផលវិជ្ជមាននោះឡើយ។

ជុំវិញបញ្ហាខាងលើនេះ លោក ហ្វូ ខុង (Fu Cong) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន បានប្រាប់អ្នករាយការណ៍ព័ត៌មាននានានៅប៉េកាំងថា «ចិនគ្មានចំណាប់អារម្មណ៍ ក្នុងការចូលរួមកិច្ចចរចានុយក្លេអ៊ែរ ជាមួយអតីតមហាអំណាច កាលពីសម័យសង្គ្រាមត្រជាក់ឡើយ ព្រោះបច្ចុប្បន្ននេះ អាមេរិកមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ២០ដងច្រើនជាងចិន...។ ខ្ញុំអាចធានាចំពោះអ្នកថា ប្រសិនបើអាមេរិកអាចកាត់បន្ថយ (ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ) មកនៅត្រឹមកម្រិតដូចចិន នោះចិននឹងរីករាយក្នុងការចូលរួម (កិច្ចចរចានុយក្លេអ៊ែរ) នៅថ្ងៃបន្ទាប់។ ប៉ុន្តែមើលទៅ វាមិនអាចកើតឡើងនោះឡើយ»។

គួរបញ្ជាក់ថា បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ ការចង់អូសចិនឲ្យចូលតុចរចានុយក្លេអ៊ែរ នោះគ្រាន់តែជាលេសបង្វែងដាន ដើម្បីឲ្យសហរដ្ឋអាមេរិក អាចដើរចេញពីសន្ធិសញ្ញា New START ដោយល្អមើលប៉ុណ្ណោះ។ មន្ត្រីចិនបានសង្កត់ធ្ងន់ទៀតថា គោលដៅចម្បងរបស់អាមេរិក គឺការរំដោះខ្លួនចេញពីការរឹតត្បិតនានា ហើយមានសេរីភាពក្នុងការបង្កើនអំណាចយោធា ទៅតាមអ្វីដែលខ្លួនចង់បាន៕