LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

គណៈសង្ឃ​នាយក​ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការណែនាំពីការ​​បង្រៀន​​​​រ​បស់​​​សាស្ត្រា​ចារ្យម្នាក់

Apr 29, 2020
គណៈសង្ឃ​នាយក​ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការណែនាំពីការ​​បង្រៀន​​​​រ​បស់​​​សាស្ត្រា​ចារ្យម្នាក់

គណៈសង្ឃនាយកកម្ពុជា ស្នើទៅក្រសួងអប់រំឱ្យធ្វើការណែនាំសាស្ត្រាចារ្យមួយរូបដែលផ្ដល់ការអប់រំតាមអនឡាញនៅ E-School Cambodia ដោយថា ការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះ បានធ្វើឱ្យប៉ះពាល់តម្លៃព្រះសង្ឃគណៈមហានិកាយយ៉ាង​«ធ្ងន់ធ្ងរ» 

គណៈសង្ឃនាយកកម្ពុជា បានលើកឡើងតាមលិខិតកាលពីថ្ងៃម្សិលមិញថា លោក ឡុង សារិ ដែលបង្រៀនតាមអនឡាញដល់សិស្សានុសិស្ស​ ដោយប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដោយបន្តុះបង្អាប់ម្ខាងហើយលើកម្ខាងទៀត ដោយគណៈសង្ឃថា ផ្ទុយទៅនឹងភាពពិតជាក់ស្ដែងនាពេលបច្ចុប្បន្ន។

លិខិតគណៈសង្ឃនាយក បញ្ជាក់ថា ចំណុចដែលសាស្ត្រាចារ្យរូបនេះប្រៀបធៀប ដោយលើកឧទាហរណ៍នោះ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយប្រព្រឹត្តវិន័យតឹងរ៉ឹងដូចលោកធុតង្គ មិនកាន់លុយទោះក្នុងសម័យគេមានលុយ មិនប្រើទូរសព្ទ និងមិនពាក់ស្បែកជើងជាដើម។ 

លិខិតគណៈសង្ឃនាយក រៀបរាប់ថា៖ «ដោយប្រើពាក្យសម្ដីឡកឡើយ​ បន្តុះបង្អាប់ និងដាក់បន្ទាបព្រះសង្ឃគណៈមហានិកាយស្នើដោយបព្វជិតគ្មានវិន័យ ប្រព្រឹត្តធូររលុងប្រាសចាកធម៌វិន័យរបស់ខ្លួន ហាក់ដូចជាអាក្រក់ណាស់ ​ពិបាកនឹងការគោរព»

គណៈសង្ឃនាយក ចាត់ទុកការបង្រៀនរបស់លោក ឡុង សារិ ត្រង់ចំណុចប្រៀបធៀបព្រះសង្ឃទាំងពីរគណៈគ្មានមូលដ្ឋានពិតប្រាកដ ខ្វះសុចរិតភាព ខ្វះការស្រាវជ្រាវស៊ីជម្រៅ គ្មានវិជ្ជាជីវៈជាគ្រូបង្រៀន គ្មានយុត្តិធម៌ គ្មានសច្ចធម៌ ហៅការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះថា ជាការសន្និដ្ឋានខុសពីស្ថានភាពពិត និងផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាលស្ដីពីសុខដុមនីយកម្មសាសនាដែលគណៈសង្ឃមហានិកាយពុំអាចទទួលយកបាន។

លិខិតគណៈសង្ឃនាយក រៀបរាប់បន្ត៖ «មួយទៀត ការបង្រៀនប្រកបដោយកំហុសឆ្គងនេះ ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នត់គំនិតយុវជនគ្រប់ជំនាន់ និងពុទ្ធបរិស័ទទូទៅ​ ដែលធ្វើឱ្យមានការយល់ច្រឡំ និងអាចមានការរើសអើងព្រះសង្ឃគណៈមហានិកាយទៀតផង»

គណៈសង្ឃនាយកស្នើទៅក្រសួងអប់រំឱ្យធ្វើការណែនាំសាស្ត្រាចារ្យ ឡុង សារិ ដែលបង្រៀននៅក្រុមហ៊ុន E-School Cambodia ឱ្យកែតម្រូវការបង្រៀនរបស់ខ្លួនត្រង់ចំណុចប្រៀបធៀប និងចេញសុំទោសព្រះសង្ឃ និងពុទ្ធបរិស័ទជាសាធារណៈ។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានចេញលិខិតឆ្លើយតបនឹងការស្នើសុំរបស់គណៈសង្ឃនាយកថា ក្រសួងនឹងលុបចេញនិងកែវីដេអូបង្រៀននៅត្រង់មេរៀននេះឡើងវិញ។

ក្រសួងអប់រំ រៀបរាប់ថា៖ «នៅថ្ងៃខាងមុខ​ ក្រសួងនឹងខិតខំពិនិត្យពិច័យនូវរាល់ខ្លឹមសារនៃការបង្រៀនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍នៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា»

ក្នុងវីអូឃ្លីបរយៈពេលជាង ២នាទី ដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក លោក ឡុង សារិ និយាយថា៖«មហានិកាយពាក់ស្បែកជើង កាន់ទូរសព្ទ ​[ទំនើប​] មានអង្គរក្សទៀត វិន័យជិះឡានក្រុង ​ជិះបានគ្នាច្រើន។ ដល់ធម្មយុត្តិកនិកាយវិន័យតឹង សម័យមានលុយហើយកាន់លុយមិនបាន ហើយលោកដើរថ្នល់កៅស៊ូ ឬស៊ីម៉ង់ ទីក្រុង​ លោកក៏អត់ប្រើស្បែកជើងដែរ»

ក្រុមហ៊ុន E-School Cambodia បានបំភ្លឺតាមលិខិតកាលពីថ្ងៃម្សិលមិញថា លោក ឡុង សារិ បង្រៀនលើមុខវិជ្ជាតែងសេចក្ដីដោយនៅក្នុងការបង្រៀន​ លោកបានពន្យល់អំពីមតិផ្ទុយ និងមតិស្រប។

ក្រុមហ៊ុននេះបញ្ជាក់ថា អត្ថន័យដែលលោក ឡុង សារិ បង្រៀនរួចហើយនោះ មិនបានលើកអ្វីក្នុងន័យបន្តុះបង្អាប់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនោះទេ។ ផ្ទុយទៅវិញ លោកចង់លើកតម្កើងក្រើនរំលឹកជ្រោមជ្រែងព្រះពុទ្ធសាសនាឱ្យបានរឹងមាំ។ 

ក្រុមហ៊ុន E-School Cambodia រៀបរាប់ថា៖ «ជាងនេះទៀត នៅពេលបង្រៀន​ លោកសាស្រ្តាចារ្យបានបង្ហាញពីទស្សនៈមើលឃើញ យល់ឃើញផ្ទាល់ខ្លួនតែប៉ុណ្ណោះ»

ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍ និងសីលធម៌កម្ពុជា លោក ប៉ា ចន្ទរឿន លោកបានមើលបញ្ហានេះដែរ ហើយលោកបង្ហាញការយល់ឃើញថា ការបកស្រាយរបស់លោកគ្រូ ឡុង សារិ ថា គ្រាន់តែជាការយល់ឃើញបែបទស្សនៈបុគ្គលតែប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រៀបធៀបព្រះពុទ្ធសាសនាទាំងពីរគណៈនេះ ក៏គ្រាន់តែជាការឆ្លុះបញ្ចាំងពីបុគ្គលរបស់ខ្លួនគាត់ ហើយចំពោះការប្រើពាក្យ​ ក៏មិនមែនជាការវាយប្រហារទៅលើគណៈសង្ឃណាមួយឡើយ។

លោក ប៉ា ចន្ទរឿន ប្រាប់ថា៖ «បើសិនយើងពិនិត្យទៅលើវិន័យរបស់ព្រះសង្ឃនៅក្នុងធម្មយុត្ត និងមហានិកាយ កន្លងមក នៅក្នុងសង្គមខ្មែរយើង និងការពិនិត្យទិដ្ឋភាពជាក់ស្ដែងរបស់ព្រះសង្ឃ ឃើញថា ព្រះសង្ឃមួយចំនួន ខ្ញុំមិននិយាយទាំងអស់ទេ ព្រះសង្ឃមួយចំនួននៅក្នុងគណៈមហានិកាយហាក់បីដូចជាមានវិន័យរាងធូររលុងជាងព្រះសង្ឃនៅក្នុងគណៈធម្មយុត្តដូចដែលយើងតែងបានឃើញតាមសារព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គមពីភាពមិនប្រក្រតី ឬទង្វើអសីលធម៌របស់ព្រះសង្ឃ»