LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អង្គការ​សហប្រជាជាតិ​បានភាន់ច្រឡំ​អំពី«​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្

Apr 17, 2020
អង្គការ​សហប្រជាជាតិ​បានភាន់ច្រឡំ​អំពី«​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្

មន្ត្រី​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ការពារ​ការរៀបចំ​បង្កើត​ «ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្ន​» និង​បាន​ពន្យល់​ត្រឡប់​ទៅ​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ ៤ ​រូប​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​សរសេរ​លិខិត​បង្ហាញ​ក្ដីបារម្ភ​ថា ច្បាប់​នេះ​រឹតត្បិត​សេរីភាព​ពលរដ្ឋ​។

មុន​ពេល​ព្រឹទ្ធសភា​គ្រោង​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ "ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្ន" អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​លិខិត​មួយ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​ការពន្យល់​អំពី​ការបង្កើត​ច្បាប់​នេះ ដោយ​ក្នុងនោះ​ពួកគេ​បាន​បង្ហាញ​ក្ដីបារម្ភ​លើ​ការរឹតត្បិត​សេរីភាព​ពលរដ្ឋ​។

លិខិត​ ៤ ​ទំព័រ​ដែល​ចុះ​ថ្ងៃទី​ ៩ មេសា ត្រូវបាន​ធ្វើឡើង​រួមគ្នា​ដោយ​លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី Leigh Toomey អនុប្រធាន​ក្រុមការងារ​ស្ដីពី​ការឃុំឃាំង​តាម​ទំនើងចិត្តលោក Dainius Puras អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​ការទទួល​បាន​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ក្នុង​ស្ដង់ដា​ខ្ពស់បំផុត និង​លោកស្រី Fionnuala NiAolain អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សេរីភាព​មូលដ្ឋាន​ក្នុងពេល​ប្រយុទ្ធ​នឹង​ភេរវកម្ម​។

E7FDD9D1-6EAA-494E-87E5-A9EC8344FB6C

ក្រុម​អ្នកជំនាញ​ដដែល​ថ្លែងថា ច្បាប់​ដែល​នឹងត្រូវ​អនុម័ត​ឆាប់ៗ​នេះ​នឹង​ផ្ដល់​ការការពារ​យ៉ាងខ្លាំង​លើ​សិទ្ធិ​ស្ដីពី​ការទទួល​បាន​សុខភាព​ក្នុង​ពេល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​។

ពួកគេ​បន្ថែមថា​៖ «​ប៉ុន្តែ​យើង​បារម្ភ​ថា នៅពេល​ច្បាប់​នេះ​ត្រូវអនុម័ត​ច្បាប់​នេះ​អាច​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ក្នុងការ​ជួបជុំ និង​ការប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី សិទ្ធិ​ក្នុង​ការដើរហើរ​ដូច​ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ​ដែល​កម្ពុជា​បាន​ធ្វើ​សច្ចាប័ន​កាលពី​ថ្ងៃទី​ ២៦ ឧសភា ឆ្នាំ​ ១៩៩២»។

F6E0A4D4-8AE2-4CE5-B684-BD55C419D1BB

លិខិត​ដដែល​បន្តថា​៖ «លើស​ពី​នេះ​ទៀត​ក្ដីបារម្ភ​ក៏មាន​ទៅលើ​ភាសា​ដែល​ប្រើពាក្យ​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​អំណាច និង​ការដាក់​ទោសទណ្ឌ​រួមមាន​ទាំង​ការផ្ដន្ទាទោស ដែល​មាន​រហូតដល់​ ១០ ​ឆ្នាំ​សម្រាប់​អ្នក​ដែល​រំលោភច្បាប់​នេះ​»។

ក្រុម​អ្នកជំនាញ​បន្តថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ហាក់​ដូចជា​មិនបាន​ផ្ដោត​ជា​សំខាន់​ទៅលើ​ភាពចាំបាច់​ក្នុង​ការដោះស្រាយ​សេចក្ដី​ត្រូវការ​ផ្នែក​សុខភាព​ពលរដ្ឋ​ដោយ​ស្របច្បាប់​ទេ​។ ភាសា​ច្បាប់​នេះ​ត្រង់ចំណុច​ស្ដីពី​ការការពារ​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ជីវិត និង​សុខភាព​របស់​ពលរដ្ឋ ក៏ដូចជា​ស្ដីអំពី​ទ្រព្យសម្បត្តិ និង​បរិស្ថាន​ត្រូវ​បាន​សរសេរ​យ៉ាង​ទូលំទូលាយ ហើយ​ហាក់ដូច​គំរាម​ថា នឹង​រំលោភ​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​ការគោរព​តាម​សិទ្ធិមនុស្ស​ជា​អន្តរជាតិ​។

ក្ដីបារម្ភ​ក៏ត្រូវ​បាន​លើក​ឡើង​អំពី​អំណាច​របស់​រដ្ឋាភិបាល​ក្នុង​ការពិនិត្យ ឃ្លាំមើល និង​ប្រមូល​ព័ត៌មាន​ជា​ចាំបាច់​ពី​ប្រព័ន្ធ​ទំនាក់ទំនង​គ្រប់​ទម្រង់​។ លើស​ពី​នេះ​ពួកគេ​ក៏​បារម្ភ​អំពី​ការរឹតត្បិត​ការចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ការភ័យខ្លាច​ដល់​សង្គមនិង​បង្កចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​បង្ក​ការយល់ច្រឡំ​ទៅលើ​ស្ថានភាព​ប្រទេស​ស្ថិតក្នុង​គ្រាអាសន្ន​។ ក្ដីបារម្ភ​ក៏មាន​លើ​ការប្រើ​ពាក្យ​ទូលាយ​ដែល​អាច​ធ្វើឲ្យ​មាន​ការបកស្រាយ​ច្បាប់ និង​ការអនុវត្ត​ខុស​ផងដែរ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ថា​អ្វី​ដែល​កម្ពុជា​ធ្វើ​នោះ​គឺ​ធ្វើ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​។

7345BB6F-1862-4D26-A47B-30C7EA08EDDA

 

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «នីតិរដ្ឋ​ត្រូវការ​ច្បាប់ ត្រូវការ​បំពេញបន្ថែម​ឲ្យ​គ្រប់​ជ្រុងជ្រោយ​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​នេះ​ជា​សិទ្ធិ និង​អធិបតេយ្យភាព​របស់​កម្ពុជា​ផ្ដាច់មុខ​។ មិនមែន​មាន​អង្គការ​ណា ទោះ​ជា​អង្គការ​ខ្នាត​អន្តរជាតិ​ក៏ដោយ ក៏​មិន​មាន​សិទ្ធិ​លូកលាន់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​នោះទេ​»។

លោក​លើក​ជា​ឧទាហរណ៍​ថា ការបំពាក់​អាវុធ​ដល់​កងកម្លាំង ឬ​ប៉ូលិស​ដើម្បី​បុព្វហេតុ​ការពារ​សន្តិភាព និង​សុវត្ថិភាព​របស់​ប្រជាជាតិ​មិនមែន​ជា​កំហុស​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​តាម​វិធាន​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​គេ​មិនគួរ​បារម្ភ​ខ្លាំង​ទេ សូម្បី​សហរដ្ឋអាមេរិក​ក៏មាន​ច្បាប់​នោះដែរ អង់គ្លេស​មាន​ច្បាប់​នោះដែរ ហើយ​ប្រទេស​កំពុងតែ​អនុវត្ត​ច្បាប់​របៀបនេះ​នៅ​អាស៊ី​មាន​ ៤ ឬ​ ៥ ប្រទេស តែ​កម្ពុជា​អត់​ដែល​មាន​ច្បាប់​នេះ​ទេ​។ ដូច្នេះ​កម្ពុជា​ចង់បាន​នីតិរដ្ឋ​មួយ​ដែល​ជា​សក្ដានុពល​ស្របតាម​ច្បាប់​ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ជា​អង្គនីតិប្រតិបត្តិ​ធ្វើតាម​»។

5D605BA6-0066-4AF6-B5EE-D36BD5441CD1

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា CHRC បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រុម​អ្នកជំនាញ​របស់​អង្គការ​

សហប្រជាជាតិ​ធ្វើការ​រិះគន់​ដល់​ការបង្កើត​ច្បាប់​របស់​កម្ពុជា ខណៈ​ដែល​ប្រទេស​របស់​ពួកគេ​មាន​ច្បាប់​នេះ ហើយ​ក៏​កំពុង​អនុវត្ត​ច្បាប់​នេះ​ទៀតផង​។ លោក​ពន្យល់ថា កម្ពុជា​ត្រូវការ​ច្បាប់​នេះ​ជា​ការចាំបាច់ ហើយ​ច្បាប់​នេះ​គួរតែ​មាន​តាំងពី​ឆ្នាំ​ ១៩៩៣មកម្ល៉េះ​។

លោក​បន្តថា ការធ្វើ​ច្បាប់​នេះ​ធ្វើ​ឡើង​តាម​ស្ដង់ដា​សិទ្ធិមនុស្ស​កម្ពុជា និង​អន្តរជាតិ ក៏ដូចជា​បទពិសោធ​ដែល​ប្រទេស​នានា​បាន​អនុវត្ត​។

លោក​ថ្លែងថា​៖ «ពាក់ព័ន្ធ​នឹង​ការរឹតត្បិត​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​នោះ​គឺជា​គោលការណ៍​ច្បាប់​អន្តរជាតិ​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ក៏​អនុញ្ញាត​ឲ្យ​មាន​ការរឹតត្បិត​នូវ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ដែរ នៅក្នុង​ស្ថានភាព​គ្រាអាសន្ន​។ ក៏ប៉ុន្តែ​ការរឹតត្បិត​ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់ ដើម្បី​ប្រយោជន៍​សាធារណៈប្រយោជន៍​រួម​របស់​សង្គមជាតិ​»។

លោក​បន្តថា នៅពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន ហើយ​បើសិន​វា​ត្រូវបាន​ប្រើ​ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់ និង​សមស្រប​។ វិធានការ​នោះ​នឹង​ត្រូវបាន​ពិនិត្យ​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា មិនមែន​គ្មាន​ដែន​កំណត់​នោះទេ​។1FC91A2A-04F3-4ADF-B1F8-83C1A29C1BB8

 ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «បើ​រដ្ឋសភា និង​ព្រឹទ្ធសភា​ពិនិត្យ​ឃើញ​ថា វិធានការ​មិន​សមស្រប មិនចាំបាច់ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា​អាច​ប្រកាស​បញ្ចប់​កាលៈទេសៈ​នៃ​ភាពអាសន្ន​នោះបាន​។ អ៊ីចឹង​បញ្ញត្តិ​នៃ​ច្បាប់​នេះ​មិនមែន​បាន​ន័យថា​ឲ្យ​អំណាច​ទៅ​រដ្ឋាភិបាល​គ្មាន​ដែន​កំណត់​ហើយ​ជិះសេះ​លែងដៃ​ទេ គឺ​ស្ថិត​ក្រោម​យន្តការ​ត្រួតពិនិត្យ​របស់​សភា​តាម​ប្រជាធិបតេយ្យ​បែប​សភានិយម​» ។

លោក​បញ្ជាក់ថា ចំណុច​ពិសេស​មួយទៀត​នៃ​ច្បាប់​នេះ​គឺ​អាជ្ញាធរ​សាធារណៈ​មិនអាច​ប្រើ​អំណាច​តាម​ទំនើងចិត្ត​នោះ​ទេ ពួកគេ​នឹង​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​នូវ​ទង្វើ​ដែល​ពួកគេ​ធ្វើ​ខុសពី​គោលបំណង​នៃ​ច្បាប់​នេះ​៕