
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញពីគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា និងមួយទៀត គម្រោង ស្ពានភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១។
សម្ដេចហ៊ុន ក្នុងឱកាសដែលជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ដែលមានទីតាំងនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ក៏បានបញ្ជាក់ផងដែរថា«ថ្ងៃ២៦នេះ ខ្ញុំទៅបើកការដ្ឋានទៀត គឺបើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះនរា ទៅកោះពេជ្រ គឺកៀនស្វាយ ទៅភ្នំពេញយើង»
ដូច្នេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន នឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះនរា ទៅកោះពេជ្រ ដែលគេដឹងថា ជាស្ពានភ្ជាប់តំបន់កៀនស្វាយ ទៅរាជធានីភ្នំពេញ ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ពានខ្សែកាបកោះនរា មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គ្រោងចំណាយថវិកាប្រមាណ ៣៨លានដុល្លារ និងស្ពានភ្ជាបពីកោះនរា ទៅផ្លូវជាតិលេខ១ គ្រោងចំណាយថវិកាប្រមាណ ១៦លានដុល្លារ ។
គួរបញ្ជាក់ផងដែរថា វត្តាមានស្ពានទាំង២នេះ ត្រូវបានគេរំពឹងទុកថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស និងតំបន់ច្បារអំពៅ បានមួយកម្រិតធំពេលសាងសង់រួច។ជាងនេះទៅទៀត ស្ពាននេះបានតភ្ជាប់គមនាគមន៍ និងសកម្មភាពសេដ្ឋកិច្ចពីតំបន់ជ្រោយចង្វារ តំបន់កោះពេជ្រ ទៅតំបន់ច្បារអំពៅថែមទៀតផង៕