LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ត្រាំ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​រដ្ឋបាល​របស់​លោក​ផ្តើម​រៀបចំ​នីតិវិធី​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្មី

Nov 25, 2020
ត្រាំ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​រដ្ឋបាល​របស់​លោក​ផ្តើម​រៀបចំ​នីតិវិធី​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្មី

នៅ​ព្រលប់​យប់​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​រដ្ឋបាល​របស់​លោក​ផ្តើម​រៀបចំ​នីតិវិធី​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន។ ការ​យល់ព្រម​ឲ្យ​មាន​នីតិវិធី​ផ្ទេរអំណាច​នេះ​ត្រូវ​បាន​លោក​ត្រាំ​សរសេរ​នៅ​ក្នុង​ទំព័រ Twitter របស់​លោក។ តែ​លោក​ត្រាំ​នៅ​បន្ត​មិន​ទទួល​ស្គាល់​បរាជ័យ​ជា​ផ្លូវការ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ការងារ​របស់​លោក​បៃដិន​បាន​សាទ័រ​ការ​យល់ព្រម​របស់​លោក​ត្រាំ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី។ ចំណែក​លោក​បៃដិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ឈ្មោះ​ឥស្សរជន​មួយ​ចំនួន​នៅ​ក្នុង​អនាគត​គណៈរដ្ឋមន្រ្តី​របស់​លោក។

 

គេ​ត្រូវ​រង់ចាំ​ជាង ២សប្តាហ៍​ក្រោយ​ការ​ប្រកាស​ជ័យជំនះ​របស់​លោក​ចូ បៃដិន​ទើប​លោក​ដូណាល់ ត្រាំ​បាន​យល់ព្រម​ឲ្យ​ផ្តើម​នីតិវិធី​ផ្ទេរអំណាច។ ការ​អូសបន្លាយ​ពេល​ដោយ​លោក​ត្រាំ​មិន​អស់​ចិត្ត និង​នៅ​តែ​គិត​ថា គឺ​លោក​ទេ​តើ​ជា​អ្នក​ឈ្នះ​ដោយ​ចោទ​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​បាន​ប្តឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​មាន​ការ​រាប់សន្លឹក​ឆ្នោត​ឡើង​វិញ ពិសេស​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ដែល​សន្លឹកឆ្នោត​គាំទ្រ​លោក​បៃដិន​លើស​សន្លឹកឆ្នោត​គាំទ្រ​លោក​ត្រាំ​តិចតួច​បំផុត។ តាម​ការ​ទាមទារ​របស់​លោក​ត្រាំ​នេះ រដ្ឋ​មួយ​ចំនួន​ក៏​យល់ព្រម​រាប់សន្លឹក​ឆ្នោត​ឡើង​វិញ តែ​លទ្ធផល​ហាក់​គ្មាន​ការ​ផ្លាស់ប្តូរ​ធំដុំ​ទេ មាន​ន័យ​ថា លោក​បៃដិន​នៅ​តែ​នាំ​មុខ​លោក​ត្រាំ​ដដែល។

បន្ទាប់​មក មាន​រដ្ឋ​ខ្លះ​ក៏​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​ជា​បន្តបន្ទាប់។ ក្រោយ​ពី​រដ្ឋ Georgia ក្នុង​សប្តាហ៍​កន្លង​ទៅ រដ្ឋ Michigan ទើប​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នា​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា​ដោយ​ផ្តល់​ជោគជ័យ​ឲ្យ​លោក​បៃដិន​ដូច​រដ្ឋ Georgia ដែរ។ គេ​អាច​និយាយ​បាន​ថា គឺ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​របស់​រដ្ឋ Michigan ដែល​បាន​ធ្វើ​ឲ្យ​លោកត្រាំ​ប្តូរ​ចិត្ត​ដោយ​យល់ព្រម​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ពេល​នេះ។ តែ​បើ​គេ​ពិនិត្យ​ជា​រួម លោក​ត្រាំ​ប្រហែល​ជា​គ្មាន​ផ្លូវ​អាច​ក្លាយ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​វិញ​បាន​ឡើយ។ លោក​បៃដិន​នៅ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ដោយ​ទទួល​បាន​អង្គបោះឆ្នោត​ចំនួន ៣០៦ ទល់​នឹង​លោក​ត្រាំ​ដែល​ទទួល​បាន​តែ ២៣២។ តាម​ធម្មតា បេក្ខជន​ត្រូវ​ការ​អង្គបោះឆ្នោត​តែ ២៧០ ដើម្បី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។

លោក​ត្រាំ​នឹង​ផ្ទេរអំណាច​ឲ្យ​លោក​បៃដិន​ដោយ​មិន​បាច់​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​ជា​ផ្លូវការ?

នៅ​ក្នុង​សារ​បង្ហោះ​តាម​ទំព័រ Twitter នា​ព្រលប់​យប់​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា លោក​ត្រាំ​បន្ត​មិន​ទទួល​ស្គាល់​បរាជ័យ និង​ថែម​ទាំង​បាន​ចាត់​ទុក​ការ​បោះឆ្នោត​អាមេរិក​លើក​នេះ​ជា​ការ​បោះឆ្នោត​មហា​ពុករលួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋអាមេរិក។ បន្ទាប់​មក លោក​ត្រាំ​បាន​សន្យា​បន្ត​ការ​តវ៉ា​ដោយ​នៅ​តែ​ចាត់​ទុក​លោក​ជា​អ្នក​ឈ្នះ។ តែ​ការ​សុខចិត្ត​ឲ្យ​មាន​ការ​ផ្ទេរអំណាច​ពេល​នេះ​ត្រូវ​បាន​លោក​ត្រាំ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ដើម្បី​ផនប្រយោជន៍​ល្អ​សម្រាប់​ប្រទេស។

 

ទោះ​ជា​យ៉ាង​នេះ​ក្តី គ្រប់​គ្នា​បាន​មើល​ឃើញ​ថា ការ​ដែល​លោក​ត្រាំ​បាន​យល់ព្រម​ឲ្យ​មាន​ការ​ផ្ទេរអំណាច​ពេល​នេះ​ជា​ការ​ទទួល​ស្គាល់​បរាជ័យ​ដោយ​ប្រយោល ឬ​ទទួល​ស្គាល់​បរាជ័យ​ចុង​មាត់ ចុង ក ។ គេ​ពិត​ជា​យល់​ពី​ទឹកចិត្ត​របស់​លោក​ត្រាំ​ដែល​បន្ត​មិន​ទទួល​បរាជ័យ​ជា​ផ្លូវការ។ បើ​បាន​ជា​ជ្រុល​ប្រើ​សម្តី​ដោយ​ចាត់​ទុក​ការ​ជាប់ឆ្នោត​របស់​លោក​បៃដិន​ជា​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត លោក​ត្រាំ​ត្រូវ​តែ​បន្ត​ជំហរ​មួយ​នេះ​ដោយ​មិន​ចង់​លេប​សម្តី​ខ្លួន​ចូល​វិញ​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ។

នីតិវិធី​នៃ​ការ​ផ្ទេរអំណាច​រវាង​លោក​ត្រាំ និង​លោក​បៃដិន

បើ​អ្វីៗ​មាន​ដំណើរ​ទៅ​មុខ​ដោយ​រលូន ការ​ផ្ទេរអំណាច​រវាង​ប្រធានាធិបតី​ផុតអាណត្តិ​លោក​ត្រាំ និង​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​បៃដិន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ មករា ឆ្នាំ ២០២១។ តែ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​បៃដិន ក្រុម​ការងារ​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ និង​ក្រុម​ការងារ​ក្នុង​អនាគត​រដ្ឋបាល​លោក​បៃដិន​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការងារ​ជាមួយ​គ្នា​ពី​ឥឡូវ​ទៅ។ ទីភ្នាក់ងារ​រដ្ឋបាលសហព័ន្ធ​ដែល​ដឹកនាំ​ដោយ​លោកស្រី Emily Murphy បាន​ទទួល​ភ្លើងខៀវ​ពី​លោក​ត្រាំ​ឲ្យ​ចាត់ចែង​រៀបចំ​ដំណើរការ​ធ្វើ​ការងារ​រវាង​ក្រុម​ការងារ​របស់​លោក​ត្រាំ និង​ក្រុម​ការងារ​របស់​លោក​បៃដិន។

ជាមួយ​នឹង​ភ្លើងខៀវ​ពី​លោក​ត្រាំ​នេះ លោក​បៃដិន និង​ក្រុម​ការងារ​របស់​លោក​មាន​លុយ​ក្នុង​ដៃ​ចំនួន ៦លានដុល្លារ​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​នៅ​ក្នុង​រយៈពេល​អន្តរកាល​នេះ។ ចាប់​ពី​ពេល​នេះ​ទៅ ក្រុម​ការងារ​របស់​លោក​បៃដិន​អាច​ចូល​ទៅ​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​របស់​លោក​ត្រាំ​នៅ​តាម​ក្រសួង និង​ស្ថាប័ន​នានា ពិសេស​អាច​ផ្តើម​ចូល​មើល និង​ទទួល​ព័ត៌មាន​រសើបៗ ពិសេស​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​របស់​ប្រទេស។ ខណៈ​នេះ លោក​បៃដិន​បាន​ប្រកាស​បណ្តើរៗ​នូវ​ឈ្មោះ​រដ្ឋមន្រ្តី និង​ថ្នាក់ដឹកនាំ​ដែល​លោក​នឹង​តែងតាំង​សម្រាប់​អនាគត​គណៈរដ្ឋមន្រ្តី​របស់​លោក។ តែ​គេ​បាន​សង្កេត​ឃើញ​ថា ឥស្សរជន​ដែល​លោក​បៃដិន​បាន​ជ្រើស​យក​ច្រើន​ជា​ឥស្សរជន​ដែល​មាន​បទពិសោធន៍​ការងារ​ខ្ពស់​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា។

សម្រាប់​តំណែង​រដ្ឋមន្រ្តី​ការបរទេស លោក​បៃដិន​នឹង​ជ្រើស​យក​លោក អង់តូនី ប្ល៊ីងកិន (Antony Blinken)។ មាន​អាយុ ៥៨ឆ្នាំ លោក​ប៊្លីងកិល​ជា​អតីត​អនុរដ្ឋមន្រ្តី​ការបរទេស​ក្នុង​ជំនាន់​លោក​អូបាម៉ា និង​ជា​អតីត​ទីប្រឹក្សា​ការទូត​ម្នាក់​របស់​លោក​បៃដិន​ក្នុង​ពេល​លោក​បៃដិន​កាន់​តំណែង​អនុប្រធានាធិបតី​របស់​លោក​អូបាម៉ា។ លោក អាឡេហាន់ដ្រូ ម៉ាយ៉រកាស (Alejandro Mayorkas) ដែល​មាន​អាយុ ៦០ឆ្នាំ និង​មាន​ដើមកំណើត​អាមេរិកឡាទីន​ត្រូវ​បាន​លោក​បៃដិន​យក​ឲ្យ​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង។

លោក​ចន ឃែរី (John Kerry) ដែល​ជា​អតីត​រដ្ឋមន្រ្តី​ការបរទេស​ក្នុង​ជំនាន់​លោក​អូបាម៉ា​នឹង​ត្រូវ​លោក​បែដិន​តែងតាំង​ជា​ប្រេសិតពិសេស​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ។ លោកស្រី អាវ្រីល ហេនស៍ (Avril Haines) មាន​អាយុ ៥១ឆ្នាំ​នឹង​ត្រូវ​តែងតាំង​ជា​នាយិកា​ផ្នែក​ចារកិច្ច ហើយ​លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នឹង​តែងតាំង​ជា​ទីប្រឹក្សាសន្តិសុខជាតិ។ លោកស្រី​លីនដា ថូម៉ាស់គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) ដែល​ជា​ស្រ្តីស្បែកខ្មៅ​នឹង​ទទួល​បាន​តំណែង​ជា​ឯកអគ្គររដ្ឋទូតអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ លោក​បៃដិន​បាន​បញ្ជាក់​ថា លោក​ត្រូវ​ការ​ឥស្សរជន​ដែល​ត្រៀម​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ទី១ នៃ​ការ​កាន់​អំណាច៕