LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ការប្រមើលមើល​ទម្រង់​ ៣ នៃ​សង្គ្រាម​រវាង​ចិន និង​អាមេរិក

Sep 09, 2020
ការប្រមើលមើល​ទម្រង់​ ៣ នៃ​សង្គ្រាម​រវាង​ចិន និង​អាមេរិក

យោង​តាម​ទ្រឹស្តី​នៃ​ទំនាក់ទំនង​អន្តរជាតិ ពិភពលោក​គឺ​ស្ថិត​នៅក្នុង​សភាព​អនាធិបតេយ្យ​ជានិច្ច ដូច្នេះ​ហើយ​ប្រទេស​ទាំងឡាយ​តែងតែ​ស្វែងរក​តុល្យភាព​អំណាច ដើម្បី​រក្សា​ការពារ​សន្តិសុខ​របស់​ខ្លួន​។ ជាមួយ​នឹង​ភាពលេច​ធ្លោ​របស់​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​ការភ័យខ្លាច​ក្នុង​ការបាត់បង់​តុល្យភាព​អំណាច​ដែល​គាំទ្រ​ដល់​ការគ្រប់គ្រង​របស់​អាមេរិក​នៅក្នុង​សណ្តាប់ធ្នាប់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ អាមេរិក​ចាត់ទុក​ចិន​ថា​ជា “​រដ្ឋ​កែប្រែ​និយម​” (revisionist state) ហើយ​បាន​សម្តែង​ការព្រួយបារម្ភ និង​ចោទ​ចិន​ពី​ការអនុវត្ត​នយោបាយ​វាតទី​និយម​យោធា និង​ការប៉ុនប៉ង​ឈាន​ទៅ​រក​អនុត្តរភាព (hegemony) (​អំណាច​ខ្លាំង​លើសគេ​)​។

បើ​យើង​ក្រឡេកមើល​ពី​ចំណុចក្តៅ​យុទ្ធសាស្ត្រ​ជាច្រើន​នាពេល​បច្ចុប្បន្ន ដូចជា សមុទ្រ​ចិន​ខាងត្បូង​តៃវ៉ាន់ សង្គ្រាម​ពាណិជ្ជកម្ម​ និង​សង្គ្រាម​បច្ចេកវិទ្យា ជាដើម​ធ្វើឱ្យ​យើង​គិតថា លទ្ធភាព​នៃ​ការប្រឈមមុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទាំង​ ២ ​ហាក់​ដូចជា​ចៀស​មិន​រួច​។ តើ​អាច​នឹងមាន​សង្គ្រាម​រវាង​ចិន និង​អាមេរិក​ពី​ភាពតានតឹង​នាពេល​បច្ចុប្បន្ន​ដែរឬទេ​? បើ​មាន​តើ​សង្គ្រាម​នឹងមាន​ទម្រង់​បែប​ណា​?

បើ​យើង​មើល​ពី​ប្រវត្តិសាស្ត្រ យើង​អាច​ប្រមើលមើល​ពី​ទម្រង់​ ៣ ​នៃ​សង្គ្រាម​ដែល​អាច​កើតមានឡើង​រវាង​ចិន និង​អាមេរិក​គឺ​៖ សង្គ្រាម​លោក​លើកទី​ ៣ សង្គ្រាម​ត្រជាក់​ទី​ ២ និង​សង្គ្រាម​ដោយ​តួអង្គ​តំណាង (proxy wars) តាម​តំបន់​។ 

សង្គ្រាម​លោកលើក​ទី​ ៣ គឺជា​ទម្រង់​នៃ​ការប្រមើលមើល​ដែល​មាន​លក្ខណៈ​ជ្រុលនិយម​។ នៅពេល​ដែល​ចិន​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ការគំរាមកំហែង​សន្តិសុខ និង​ជា​ប្រទេស​ដែល​ចង់​ច្បាម​យក​អំណាច​ខ្លាំង​លើសគេ​ដោយ​យោធា តើ​យើង​គួរ​ចាត់ទុក​ចិន ដូចជា​អាល្លឺម៉ង់ និង​ជប៉ុន​ក្នុង​សម័យ​សង្គ្រាមលោក​ទាំង​ ២ ​លើក​ដែរ​ឬ​ទេ​? 

តើ​ចិន​មាន​បាន​ឈ្លានពាន និង​កាន់កាប់​ប្រទេស​ណាមួយ​ហើយ​ឬ​នៅ​? តើ​ចិន​មាន​ដាក់​នឹម​អាណានិគម​ចក្រពត្តិនិយម​ដែរ​ឬ​ទេ​? ​តើ​ចិន​មាន​បាន​សម្លាប់​រង្គាល​ប្រជាជន​ប្រទេស​ណា​ ១ ​ឬ​ទេ​? តើ​ចិន​គឺជា​រដ្ឋ​ភេរវករ​ឬ​យ៉ាងណា​?

តើ​នឹង​អាច​មាន​ព្រឹត្តិការណ៍​ស្រដៀង​នឹង​ការវាយឆ្មក់​របស់​ជប៉ុន​លើ​កំពង់ផែ​យោធា Pearl Harbor របស់​អាមេរិក ដែល​ជា​កត្តា​ជំរុញ​ឱ្យ​អាមេរិក​ប្រឡូក​ក្នុង​សង្គ្រាមលោក​ដែរឬទេ​? ទម្រង់​ទី​ ២ ​នៃ​សង្គ្រាម​គឺ “​សង្គ្រាមត្រជាក់​ទី​ ២” ដែល​ត្រូវ​បាន​គេ​ពិភាក្សា​យ៉ាង​ផុសផុល​ថា អាច​ក្លាយ​ជា​ការពិត ឬ​កំពុង​តែ​កើតឡើង​រួចទៅ​ហើយ​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​បើ​កើត​មាន​ពិតមែន​សង្គ្រាមត្រជាក់​លើក​នេះ​គឺ​មិនមែន​ជា​ជម្លោះ​មនោគមន៍​វិជ្ជាការ​ប្រកួតប្រជែង​ជើងឯក​អវកាស ឬ​ការរត់​ប្រណាំង​សព្វាវុធ​នុយក្លេអ៊ែរ ដូច​សង្គ្រាមត្រជាក់​លើក​មុន​នោះទេ​។ 

 លើក​នេះ​ គឺ​មាន​ទិដ្ឋភាព​ផ្សេង ដូចជា សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​បច្ចេកវិទ្យា សង្គ្រាម​អ៊ីនធឺណិត ការប្រកួត​ដណើ្តម​ឥទ្ធិពល​លើ​ស្ថាប័ន​អភិបាលកិច្ច​សកល ឬ​ក៏​សង្គ្រាម​ចម្រុះ​ទិដ្ឋភាព​។ ការប្រកួតប្រជែង​ត្រួតត្រា​លើ​ក្របខ័ណ្ឌ​ពហុភាគី​ក៏​អាចជា​សមរភូមិ​មួយ​នៅក្នុង​សង្គ្រាម​ត្រជាក់​ទី​ ២ ដែល​បាននិង​កំពុង​បែងចែក​ប្រទេស​នានា​តាម​ប៉ូល​អំណាច​នីមួយៗ ឧទាហរណ៍​ដូចជា ការប្រកួតប្រជែង​រវាង “​គំនិត​ផ្តួចផ្តើម​ផ្លូវ និង​ខ្សែក្រវាត់​” របស់​ចិន​ជាមួយ​នឹង ​“​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​” របស់​អាមេរិក​ជាដើម​។

ប៉ុន្តែ​បើ​សង្គ្រាម​ត្រជាក់​ទី​ ២ កំពុងតែ​កើតមាន​ពិតមែន សង្គ្រាម​នេះ​អាច​នឹង​មាន​សមរភូមិ​តិចជាង​សង្គ្រាមត្រជាក់​ទី​ ១ ដោយសារ​ថា ចិន​មាន​ការអល់អែក​ក្នុង​ការឈាន​ទៅ​ប្រកួតប្រជែង​ដណ្តើម​ការដឹក​នាំនៅ​គ្រប់​សមរភូមិ​ជាមួយ​អាមេរិក ដូច​អ្វី​ដែល​សហភាព​សូវៀត​បាន​ព្យាយាម​ធ្វើ​ក្នុងសម័យ​សង្គ្រាមត្រជាក់​លើក​មុន​។

 ការប្រើ​ពាក្យ “​ប្រកួតប្រជែង​” គ្រប់គ្រង​ក្របខ័ណ្ឌ​ពហុភាគី​ក៏​មិនត្រឹមត្រូវ​ទាំងស្រុង​ដែរ ពីព្រោះ​ថា​ថវិកា​វិភាគទាន​របស់​ចិន​ចំពោះ​ប្រព័ន្ធ​ពហុភាគី​នៅ​ទាប​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​អាមេរិក ហើយ​វា​ក៏​មិនមែន​ជា​ការប្រកួត​ប្រជែង​ដែរ ប្រសិន​បើ​អាមេរិក​គិតតែ​ពី​ដកខ្លួន​ចេញពី​ប្រព័ន្ធ​ពហុភាគី និង​អង្គការ​អន្តរជាតិ​ជាច្រើន​ដែល​ខ្លួន​បាន​ខិតខំ​ចូលរួម​បង្កើតឡើង​បន្ទាប់ពី​សង្គ្រាម​លោកលើកទី​ ២ ​តួយ៉ាង​ដូចជា​ការដក​ខ្លួន​ពី​អង្គការ​ UNESCO អង្គការ​សុខភាព​ពិភពលោក ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

ប្រទេស​ចិន​សម័យ​ទំនើប តាមពិត​បាន​អាស្រ័យផល​ជាច្រើន​ពី​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក ដែល​បង្កើតឡើង​ដោយ​អំណាច​គ្រប់គ្រង​របស់​អាមេរិក ហើយ​ចិន​ក៏​ពុំទាន់​បាន​បង្កើត​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ណាមួយ​នៅឡើយ​ទេ ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។ ចិន​ហាក់​ដូចជា​មិនទាន់​បាន​សម្តែង​មហិច្ឆតា​ចង់​ដាក់​បន្តុប​ប្រព័ន្ធ​នយោបាយ​របស់ខ្លួន ឬ​ពង្រីក​ប្រព័ន្ធ​នយោបាយ​របស់​ខ្លួន​ទៅលើ​ប្រទេស​ដទៃ​ដែរ ហើយ​មកទល់​ពេល​នេះ​ក៏​ពុំទាន់​មាន​ប្រទេស​ណា​ក្នុង​លោក​ដែល​ប្រកាស​ទទួល​យក​ប្រព័ន្ធ​អភិបាលកិច្ច​តាមបែប​ចិន​ដែរ​។

ទម្រង់​ទី​ ៣ នៃ​សង្គ្រាម​នោះ​គឺ​សង្គ្រាម​ដោយ​តួអង្គ​តំណាង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ជា​វេទិកា​ប្រកួតប្រជែង​ចម្បង​រវាង​អាមេរិក និង​ចិន​។ ដូច​ក្នុង​សង្គ្រាមត្រជាក់​លើក​ទី​ ១ ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​អាច​ឈាន​ទៅរក “​សង្គ្រាម​ក្តៅ​” រវាង​ប្រទេស​ដែល​គាំទ្រ​ប៉ូល​នីមួយៗ​។ តំបន់​ក្តៅ​ដូចជា សមុទ្រ​ចិន​ខាងត្បូង និង​តៃវ៉ាន់​គឺ​សុទ្ធតែ​ជា​ចំណុច​ដែល​អាច​ធ្វើឱ្យ​សង្គ្រាម​ក្តៅ​ផ្ទុះឡើង​។

សម្រាប់​តំបន់​មេគង្គ លទ្ធភាព​នៃ​ការផ្ទុះ​ឡើង​នៃ​ “​សង្គ្រាម​វៀតណាម​ទី​​ ២” គឺ​មិនអាច​ផាត់​ចោល​បាន​ឡើយ នៅពេល​ដែល​វៀតណាម និង​ចិន​តែងតែ​ប្រឈមមុខ​ដាក់គ្នា​ជារឿយៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ កម្ពុជា​ធ្លាប់​មាន​បទពិសោធ​ទទួលរង​ពី​ឥទ្ធិពល​នៃ “​សង្គ្រាម​វៀតណាម​ទី​ ១” រួចហើយ តាមរយៈ​សង្គ្រាម​ដោយ​តួអង្គ​តំណាង​។ នៅពេល​ដែល​កម្ពុជា​ជួយ​វៀតណាម ដោយ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ “​ផ្លូវលំ​សីហនុ​” (Sihanouk Trail) នៅលើ​ទឹកដី​របស់ខ្លួន​ដើម្បីឱ្យ​កងទ័ព​វៀតណាម​ខាងជើង​ដឹកជញ្ជូន​ស្បៀង និង​អាវុធ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា​ជាង​ ២ ​លាន​តោន ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ស្លាប់ និង​របួស​យ៉ាងតិច​ ១០ ​ម៉ឺន​នាក់ និង​បាត់បង់​ទីជម្រក​ជាង​ ២ ​លាន​នាក់​។

ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កត្តា​មួយ​ដែល​ជួយ​ពង្រឹង​ការកាន់កាប់​អំណាច​របស់​ក្រុម​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់ នៅពេល​ដែល​ផ្នែក​ផ្សេងទៀត​នៃ​អាស៊ីអាគ្នេយ៍​មាន​សន្តិភាព ប្រទេស​ពាក់កណ្តាល​នៃ​អនុតំបន់​មេគង្គ​បាន​រងគ្រោះ​ដោយ​សង្គ្រាម​បង្ហូរឈាម​ដែល​អូសបន្លាយ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ នៅពេល​ដែល​សង្គ្រាមស៊ីវិល​បាន​បិទ​ទំព័រ​ចុងក្រោយ​របស់ខ្លួន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩៨​។ ពិតណាស់ថា ទាំង​អាមេរិក និង​ចិន​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​ដោយ​សង្គ្រាម​នោះទេ​។ ចំពោះ​ចិន និង​វៀតណាម​វិញ​ក៏​ដូចគ្នា​។ 

ទោះបី​ជា​ពួកគេ​ប្រឈមមុខ​ច្រើន​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្តី ពួកគេ​ក៏​មិន​ចង់​មាន​សង្គ្រាម​តទល់​ដោយផ្ទាល់​ដែរ ដោយសារ​តែ​ពួកគេ​មាន​ទំនាក់ទំនង​ស្អិតរមួត​រវាង​គណបក្ស​កុម្មុយនីស្ត​ទាំង​ ២ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (​លើសពី​ ១០០ ​ប៊ីលាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​)​។

យ៉ាងណាក្តី គេ​ក៏​មិនអាច​បំភ្លេច​ដែរ​ថា​ក្រោយ​សង្គ្រាម​លោក​លើកទី​ ២ ប្រទេស​ទាំង​ ២ ​ធ្លាប់​មាន​សង្គ្រាម​ច្រើនលើក​ច្រើនសា​ជាមួយ​គ្នា បូករួម​ទាំង​ការប្រយុទ្ធ​បង្ហូរឈាម​នៅ​ឆ្នាំ​ ១៩៧៤ ​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ Paracel ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។

ដូច្នេះ​ទោះបី​ជា​ចិន និង​អាមេរិក​មិន​ចង់​តទល់​ផ្ទាល់​ដោយ​សង្គ្រាម​ក៏ដោយ សង្គ្រាម​ដោយ​តួអង្គ​តំណាង​អាច​នឹង​លេចឡើង​សាជាថ្មី ហើយ​ប្រទេស​តូចតាច​នឹងត្រូវ​ទទួល​រងគ្រោះ ឧទាហរណ៍​ដូច​ក្នុង​ករណី​សង្គ្រាម​វៀតណាម​លើក​ទី​ ១ ​ដែរ​។

ទាំងនេះ​គឺជា​ការប្រមើលមើល​ពី​ទម្រង់​ផ្សេងៗ និង​លទ្ធភាព​នៃ​ការកើតឡើង​នៃ​សង្គ្រាម​រវាង​ចិន និង​អាមេរិក​។ ដូច​ក្នុង​សង្គ្រាមត្រជាក់​លើក​ទី​ ១ ដែរ​មហាអំណាច​មិនអាច​លើកលែង​ចំពោះ​ការប្រកាន់​ជំហរ​ស្ងៀមស្ងាត់ និង​អព្យាក្រឹត្យភាព​បាន​ឡើយ​។ មាន​ជម្រើស​តិច​ណាស់​សម្រាប់​រដ្ឋ​តូចតាច​។ ទោះ​ចង់​ ឬ​មិន​ចង់ ជម្រើស​ទាំងនោះ​តែងតែ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​រដ្ឋ​តូច​។ 

ប្រទេស​នានា​អាច​ការពារ​សុវត្ថិភាព និង​សន្តិសុខ​របស់ខ្លួន​បាន​ទាល់តែ​យើង​រៀន​ពី​មេរៀន​ប្រវត្តិសាស្ត្រ​។ ជា​អកុសល សម្រាប់​កម្ពុជា​ប្រវត្តិសាស្ត្រ​នៃ​ការឈ្លោះ​គ្នា​រវាង​មហាអំណាច​គឺជា​ប្រវត្តិសាស្ត្រ​ដែល​គួរឱ្យខ្លាច ឃោរឃៅ និង​ដាប​ដោយ​ឈាម ពីព្រោះ​ថា សង្គ្រាមត្រជាក់​គឺ​ត្រជាក់​តែ​​រវាង​ប្រទេស​មហាអំណាច​ប៉ុណ្ណោះ តែ​វា​ក្តៅ​សម្រាប់​ប្រទេស​តូចតាច​៕

ប្រភពដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)