LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ការវិនិយោគដោយផ្ទាល់ពីបរទេស នៅប្រទេសវៀតណាម ធ្លាក់ចុះ ១៣% ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២០នេះ

Sep 01, 2020
ការវិនិយោគដោយផ្ទាល់ពីបរទេស នៅប្រទេសវៀតណាម ធ្លាក់ចុះ ១៣% ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២០នេះ

បន្ទាប់ពីធ្វើបានល្អ លើមុខជំនួញពាណិជ្ជកម្មនិងការវិនិយោគក្តី នៅពេលនេះ ការវិនិយោគដោយផ្ទាល់ពីបរទេស នៅប្រទេសវៀតណាម បានធ្លាក់ចុះប្រមាណ ១៣% ពោលគឺសម្រេចបានត្រឹមតែ ១៩ពាន់ ៥រយលានដុល្លារអាមេរិកដែលជាតួលេខមួយទាបមិនធ្លាក់មានក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។

ទីភ្នាក់ងារវិនិយោគបរទេសរបស់ ប្រទេសវៀតណាម បានបង្ហាញថា នៅក្នុងចំណោមទុនវិនិយោគក្នុងអំឡុងពេល ៨ខែ នេះ គឺមានជាង ៩ពាន់លានដុល្លារអាមេរិក ហូរចូលទៅក្នុងគម្រោងវិនិយោគថ្មី ដែលមានកំណើន ៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 ដោយឡែក ទឹកប្រាក់ជិត ៥ពាន់លានដុល្លារអាមេរិក ហូរចូលទៅក្នុងគម្រោងដែលមានស្រាប់ ពោលគឺមានកំណើនដល់ទៅ ២២%។
ទីភ្នាក់ងារ ខាងលើនេះ បានបង្ហាញទៀតថា ការវិនិយោគពីបរទេសរងផលប៉ះពាល់ដោយសារតែ ការរីករាលដាលនៃមេរោគកូវីដ១៩ រលកទី ២ ហើយវាបានបង្កផលលំបាកដល់ ក្រុមហ៊ុនកំពុងវិនិយោគដែលមានស្រាប់។

 យ៉ាងណាក៏ដោយ ទុនវិនិយោគទាំងអស់នេះ ត្រូវបានចាក់បញ្ចូលទៅក្នុង ១៨វិស័យ ដែលនំាមុខគេដោយ វិស័យឧស្សាហកម្មផលិត និងកែច្នៃ ហើយការវិនិយោគពីក្រៅប្រទេសរបស់វៀតណាម គឺបានមកពី ១០៤ប្រទេស និងតំបន់ជុំវិញសកលលោក ក្នុងនោះ ប្រទេសសិង្ហបុរី ជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ប្រមាណ ៦ពាន់ ៥រយលានដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា វៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគពីក្រៅប្រទេសប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលវាទាបជាង លទ្ធផលសម្រេចបាន កាលពីឆ្នាំ ២០១៩កន្លងទៅ សរុបប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែវាត្រូវបាន អ្នកជំនាញចាត់ទុកថា ជា លទ្ធផលដ៏ល្អបំផុត ដែលអាចធ្វើបាន កំឡុងពេលកូវីដ១៩នេះ៕